នគរបាលស្រុកមុខកំពូលបានចុះមកបង្ក្រាបទីតាំងប្រជល់មាន់មួយកន្លែងដែលនៅជាប់និងស្ពានព្រែកតាមាក់ត្រើយខាងលិចលទ្ធផលបង្ក្រាបបានតែខ្យល់ប៉ុណ្ណោះ


កណ្តាល:នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ កំលាំងសមត្ថកិច្ចឃុំព្រែកអញ្ចាញ បានហការជាមួយកំលាំងអធិការស្រុកមុខកំពូល បានចុះមកធ្វើការបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ដែលគេសង្ស័យថា បានលួចលាក់បើកលេង នៅចំណុចជាប់ស្ពានព្រែកតាមាក់ត្រើយខាងលិច ស្ថិតនៅក្នុងឃុំព្រែកអញ្ជាញ ស្រុកមុខកំពូល ខេត្តកណ្តាល ជាលទ្ធផលបង្ក្រាបបានតែខ្យល់តែប៉ុណ្ណោះ។

ល្បែងជល់មាន់ខាងលើ បានលួចលាក់បើកលេងជាញឹកញាប់មកហើយ ប៉ុន្តែមិនមានការទប់ស្កាត់និងបង្ក្រាប ពីកំលាំងសមត្ថកិច្ចឃុំព្រែកអញ្ចាញ និងកំលាំងសមត្ថកិច្ចស្រុកមុខកំពូលនោះឡើយ ដោយករណីនេះគេសង្ស័យថា មេបនល្បែងឈ្មោះ(ហុង)ទំនងឃុបឃិតគ្នាជាមួយសមត្ថកិច្ចឃុំនិងស្រុក។

ប្រភពបានបញ្ជាក់ថា ក្នុងថ្ងៃនេះគេសង្ស័យថា នឹងមានការជួបជុំគ្នាលេងល្បែងជល់មាន់ យ៉ាងហោចបំផុតលេងចាប់ពី៥គូរទៅ១០គូរ ដោយក្នុងមួយគូរៗភ្នាល់លុយរាប់ពាន់ដុល្លារ ប៉ុន្តែចៃដន្យសមត្ថកិច្ចបានចុះមកដល់ទីតាំងខាងលើ មិនទាន់ទាំងបានចូលដល់ក្នុងទីតាំងខាងលើផង ស្រាប់តែមានមនុស្សម្នារ បើកឡាននិងម៉ូតូរត់ចេញអស់ ដូចជាមានព្រាយបីសាចប្រាប់អោយដឹងជាមុនអញ្ចឹង។

សូមបញ្ជាក់ថា ក្រោយពីសមត្ថកិច្ច បានចូលដល់ក្នុងទីតាំងខាងលើ ដែលគេសង្ស័យថាមានការលួចលាក់លេងល្បែងជល់មាន់នោះ ជាលទ្ធផលសមត្ថកិច្ចខ្លះហាក់មានចេតនាបិទបាំងព័ត៌មាន មិនឆ្លើយតបជាមួយអ្នកកាសែត និងសមត្ថកិច្ចមួយចំនួនទៀត បានបញ្ជាក់ថា ក្រុមអ្នកលេងល្បែងជល់មាន់បាននាំគ្នាបើកម៉ូតូនិងបើកឡានរត់គេខ្លួនអស់ហើយ ដោយលទ្ធផលជាក់ស្តែងសមត្ថកិច្ចបង្ក្រាបបានតែខ្យល់។

មហាជនបានសំណូមពរដល់លោក ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល និងលោកគង់ សោភ័ណ្ឌ ចៅហ្វាយខេត្តកណ្តាល សូមមេត្តាចាត់មន្ត្រីអធិការ ដើម្បីចុះមកបង្ក្រាបល្បែងជល់មាន់ខាងលើនេះ ដែលគេសង្ស័យថា បានលួចលាក់បើកលេងអត់ញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់អោយខាងតែបាន ដើម្បីអនុវត្តតាមគោលនយោបាយភូមិឃុំមានវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕