សម្ដេចក្រឡាហោម ស ខេង ៖ អំពើជួញដូរមនុស្ស ជាអំពើសាហាវព្រៃផ្សៃ និងជាទាសករបែបថ្មី ដែលរដ្ឋាភិបាលមិនអាចទុកឱ្យប្រជាពលរដ្ឋវេទនានោះទេ

នាព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារមណ្ឌលទទួលពលករកំរៀង ស្ថិតនៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គពិធី។ គិតមកដល់ពេលនេះ ឯកឧត្តមបានរាយការណ៍ថា រដ្ឋបាលខេត្តបាត់ដំបងមានពលរដ្ឋជាពលករធ្វើចត្តាឡីស័កជាង៦៩ពាន់នាក់ ក្នុងនោះជាង៦៨ពាន់នាក់បានបញ្ចប់ការធ្វើចត្តាឡីស័ក។

ដោយឡែកលោកនាយកអង្គការការីតាសប្រចាំកម្ពុជាក៏បានអញ្ជើញថ្លែងចំណាប់អារម្មណ៍អំពីបេសកកម្មរបស់អង្គការមួយនេះនៅកម្ពុជា រួមទាំងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា ក្នុងនោះជាក់ស្ដែងគឺកិច្ចសហការគាំទ្រការកសាង និងការដំណើរការមណ្ឌលទទួលពលករកំរៀងដែលសម្ពោធនាថ្ងៃនេះ។

ចំណែកលោកជំទាវ ជូរ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានរាយការណ៍ជូនសម្ដេច ព្រមទាំងអង្គពិធីថា មណ្ឌលទទួលពលករកំរៀងដែលសម្ពោធនាថ្ងៃនេះទទួលបានការគាំទ្រថវិកាពីមូលនិធិអង្គការការីតាស រួមទាំងថវិការបស់ គ.ជ.ប.ជ និងការរួមចំណែកឧបត្ថម្ភគាំទ្រពីសប្បុរសជនផ្សេងទៀត។

លោកជំទាវបន្តថាមណ្ឌលទទួលពលករកំរៀងមានរចនាសម្ព័ន្ធជាអគារបើកចំហរទំហំ១០ម៉ែត្រគុណ៣០ម៉ែត្រ អមដោយបន្ទប់ការងារ បន្ទប់សម្ភាសន៍ បន្ទប់សង្គ្រោះបឋម បន្ទប់ដាក់សម្ភារៈ បន្ទប់ទឹក បង្គន់អនាម័យ ប្រព័ន្ធសម្អាតទឹកកខ្វក់ ផ្ទះបាយ ក្លោងទ្វារ ស្រះទឹក ប្រព័ន្ធអគ្គីសនី និងបំពាក់ដោយគ្រឿងបរិក្ខាចាំបាច់មួយចំនួនទៀត។

អញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធីនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាមណ្ឌលទទួលពលករកំរៀងដែលសម្ពោធនាថ្ងៃនេះ មានគុណតម្លៃខ្ពស់ជាងការចំណាយលើការសាងសង់ទៅទៀត ដ្បិតជាការបង្ហាញឱ្យឃើញនូវឆន្ទះរាជរដ្ឋាភិបាលក្នុងការគោរពសិទ្ធិមនុស្ស ពិសេសការយកចិត្តទុកដាក់ខ្ពស់លើប្រជាពលរដ្ឋជាពលករ ខណៈមណ្ឌលនេះនឹងត្រូវសាងសង់នៅខេត្តជាប់ព្រំដែនមួយចំនួនទៀត។

សម្ដេចក្រឡាហោមក៏បានចាត់ទុកមណ្ឌលនេះជាផ្នែកមួយនៃដំណើរការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាកន្លែងសម្របសម្រួល ប្រមូលទិន្នន័យ និងផ្ដល់ការប្រឹក្សាយោបល់ ព្រមទាំងផ្ដល់ជម្រើសនានាក្នុងការធានាការទទួលបានសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់គ្រប់ទីកន្លែង។ សម្ដេចបានបន្តថាមណ្ឌលនេះជាមណ្ឌលទី២ហើយបន្ទាប់ពីមណ្ឌលនៅប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី ក៏បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អង្គការដៃគូជាតិ អន្តរជាតិ ពិសេសអង្គការការីតាស រដ្ឋបាលខេត្តជាប់ព្រំដែន និងបណ្ដាសប្បុរសជននានា ដែលបានផ្ដល់ការគាំទ្រដល់ដំណើរការសាងសង់មណ្ឌលទទួលពលករកំរៀង និងការធ្វើឱ្យមណ្ឌលនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្ដល់សេវានានាជូនប្រជាពលរដ្ឋជាពលករ។

សម្ដេចក៏បានលើកឡើងអំពីព្រឹត្តិការណ៍សំខាន់ៗជាបន្តបន្ទាប់នៅកម្ពុជា រួមមានការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានឆ្នាំ២០២២ ការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។ សម្ដេចបន្តថាការបោះឆ្នោតអាណត្តិនេះមានបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់មួយចំនួនមានកម្រិតវប្បធម៌ថ្នាក់បរិញ្ញាប័ត្ររហូតដល់អនុបណ្ឌិត ដែលនេះគឺជាសញ្ញាណល្អ ខណៈថ្នាក់ជាតិកំពុងខិតខំផ្ទេរសិទ្ធិអំណាច និងធនធានទៅថ្នាក់មូលដ្ឋាន។

ពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្ដេចក្រឡាហោមបានលើកឡើងអំពីការដំណើរការផ្ទេរសាកល្បងការគ្រប់គ្រងសាលាមត្តេយ្យសិក្សា និងបឋមសិក្សាមកឱ្យស្ថិតក្រោមរដ្ឋបាលក្រុងស្រុកនៅខេត្តបាត់ដំបង និងលទ្ធផលប្រកបដោយគុណសម្បត្តិនៃការផ្ទេរមុខងារគ្រប់គ្រង់វិស័យសុខាភិបាលមកឱ្យរដ្ឋបាលខេត្តនៅមុនការមកដល់នៃជំងឺកូវីដ-១៩ ធ្វើឱ្យថ្នាក់ខេត្តមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការចាត់ចែងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោមបានបន្តគូសបញ្ជាក់ជាថ្មីទៀតអំពីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ក្នុងនោះសម្ដេចបានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការរួមកម្លាំងសាមគ្គីគ្នាគាំទ្រការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ពិសេសការនាំចូលសារធាតុផ្សុំគីមីមកផលិតកែច្នៃជាគ្រឿងញៀន។

សម្ដេចបានចាត់ទុកបញ្ហាគ្រឿងញៀននេះជារឿងគ្រោះថ្នាក់ធំនាពេលខាងមុខ ប្រសិនបើមិនរួមគ្នាចាត់វិធានការនាពេលនេះ ដ្បិតក្នុងចំណោមអ្នកជាប់ឃុំសរុបមានលើស៥០ភាគរយហើយដែលមានសារធាតុញៀនក្នុងខ្លួន ជាបន្ទុកបញ្ហាដែលរដ្ឋត្រូវដោះស្រាយ៕