ថ្នាក់ដឹកនាំ សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ និង ក្រុមហ៊ុន ជឿនតុលា អចលទ្រព្យ ចុះសួរសុខទុក្ខ ផ្តល់អំណោយ សម្ភារនិងថវិកា ជូនពលរដ្ឋក្រីក្រ០៧គ្រួសារនៅ ស្រុកពាមរក៍



ព្រៃវែង៖ ឯកឧត្តម ថាំង ប៊ុនសុង និងលោកជំទាវ រួមជាមួយ លោកជំទាវ ហោ ណាវីន ភរិយា ឧត្តមសេនីយ៍ទោ ងួន ពិសិដ្ឋ ជាតំណាង លោកស្រីមេធាវី តាំង ស៊ីនហុង ប្រធាន សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ រួមសហការជាមួយ លោក សុន ជឿន អគ្គនាយក ក្រុមហ៊ុន ជឿន តុលា អចលទ្រព្យ និងភរិយា ព្រមទាំង សហការី បានអញ្ជើញចុះសួរសុខទុក្ខ និង ផ្តល់អំណោយ ជាសម្ភារនិងថវិកា ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន០៧គ្រួសារ រស់នៅ ភូមិបាត់ទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១

អំណោយដែលបានចែកជូនរួមមាន៖ ថវិកា១១០,០០០រៀល (ដប់មួយម៉ឺន) សារ៉ុង ក្រមា អង្ករ ទឹកត្រី ទឹកស៊ីអិវ ប្រេងកូឡា ស្កសរ អំបិល ប៊ីចេង ។

ក្នុងឱកាសនោះ ឯកឧត្តម ថាំង ប៊ុនសុង បានជម្រាបពីសកម្មភាពចម្បងៗ និង ទិសដៅសំខាន់របស់ សមាគមខ្មែរអភិវឌ្ឍន៍ គឺចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិយើងឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរ នៃព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីសំណេះសំណាល សាកសួរសុខទុក្ខ ឯកឧត្តមបានពាំនាំការនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ លោកស្រីមេធាវី តាំង ស៊ីនហុង ប្រធាន សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ ជូន បងប្អូនប្រជាពលរដ្ឋ ព្រមទាំង ណែនាំឲ្យពួកគាត់ ថែរក្សាសុខភាព អនាម័យ ចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ និងចូលរួមថែរក្សាសន្តិភាព ព្រមទាំង ជូនពរប្រកបដោយព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នា ឯកឧត្តម សូមថ្លែងអំណរគុណ លោកជំទាវ ហោ ណាវីន ឧត្តមសេនីយ៍ទោ ងួន ពិសិដ្ឋ និង លោក សុន ជឿន អគ្គនាយក ក្រុមហ៊ុន ជឿន តុលា អចលទ្រព្យ និងភរិយា ព្រមទាំង សហការី ម្ចាស់គម្រោងដីឡូតិ៍ ផ្ទះលំហែរ ក្នុងខេត្តកំពង់ស្ពឺ ដែលបានចំណាយធនធានផ្ទាល់ខ្លួន និងពេលវេលាចុះធ្វើទានជូនបងប្អូនប្រជាពលរដ្ឋជួបការលំបាកជីវភាព ក្នុងមូលដ្ឋានស្រុកពាមរក៍នេះ៕