សម្តេចភក្តី សាយ ឈុំ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រី និងអាជ្ញាធរសាលាសង្កាត់ បឹងត្របែក

នៅព្រឹកថ្ងៃសុក្រ​ ១២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ២០២១​ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារ ចុះជួយរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រី កងកម្លាំង និងអាជ្ញាធរ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

មានប្រសាសន៍សំណេះសំណាលជាមួយមន្ត្រី និងអាជ្ញាធរសង្កាត់ នាឱកាសនោះ សម្តេច បានជំរាបសួរសុខទុក្ខ អំពីស្ថានភាពការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនជាមន្ត្រី ជាកងម្លាំង​ និងប្រជាពលរដ្ឋនៅមូលដ្ឋាន។ សម្តេចប្រធានក្រុមការងារ បានសម្តែងការកោតសរសើរលើកទឹកចិត្ត និងវាយតម្លៃខ្ពស់​ ចំពោះមន្ត្រី កងកម្លាំង និងអាជ្ញាធរសង្កាត់ដែលកន្លងមកបានប្រឹងប្រែងដោះស្រាយរាល់បញ្ហាលំបាកស្មុកស្មាញនៅក្នុងភូមិសាស្រ្តសង្កាត់ហើយបានយកចិត្តទុកដាក់ចំពោះការងារបំរើសេវាសាធារណៈជូនប្រជាជន និងបំពេញការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានបានល្អ ប្រកបដោយសុខសុវត្ថិភាព រួមទាំងការងារគ្រប់គ្រងអនាម័យ បរិស្ថានផងដែរ។

មុនបញ្ចប់​ សម្តេច​ បានក្រើនរំលឹកឲ្យបងប្អូនយកចិត្តទុកដាក់បន្តអនុវត្តការងារតាមតួនាទីភារកិច្ច​ ដូចជាការងារបំរើសេវាសាធារណៈឲ្យកាន់តែល្អ យកចិត្តទុកដាក់បន្ថែមលើការងាររក្សាការពារ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋសូមរួមសាមគ្គីប្រមូលផ្តុំកម្លាំង វិធានការ និងមធ្យោបាយសរុបដើម្បីអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់​ មានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការបង្កា ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ឆ្នាំថ្មី គឺចាប់ផ្តើមពីថ្ងៃស្អែកទៅហើយ​ ហេីយក៏ជាឆ្នាំដែលមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ផងដែរ​ ហេតុនេះទាំងអស់គ្នាត្រូវតែក្តាប់ជាប់រាល់ផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតដែលថ្នាក់លើបានដាក់ចុះ និងក្តាប់ជាប់ហើយតាមដានអនុវត្តឲ្យបានល្អតាមប្រតិទិននៃការបោះឆ្នោតដែលគ.ជ.ប​ បានដាក់ចុះ ចំពោះរាល់បញ្ហាប្រឈមការលំបាក ខ្វះខាត ដែលមូលដ្ឋានបានជួបប្រទះ​ ត្រូវរួសរាន់ដោះស្រាយឲ្យបានឆាប់រហ័ស និងតម្លាភាព បញ្ហាណាដែលហួសសមត្ថកិច្ចសង្កាត់ដោះស្រាយ សូមប្រញាប់រាយការណ៍ សុំយោបល់ដឹកនាំដោះស្រាយពីថ្នាក់លេី។​ ចំពោះស្ថានភាពជម្ងឺរាតត្បាតកូវីដ ១៩ មកដល់ថ្ងៃនេះ គឺនៅតែមិនទាន់ថមថយនោះទេអាស្រ័យហេតុនេះ​ ត្រូវតែបន្តជំរុញអនុវត្តរាល់វិធានការបង្កាទប់ស្កាត់ និងព្យាបាលដែលរាជរដ្ឋាភិបាល និងក្រសួងជំនាញពាក់ព័ន្ធបានដាក់ចុះដោយការប្រុងប្រយ័ត្នខ្ពស់៕