សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញឱ្យឯកអគ្គរាជរដ្ឋទូតកម្ពុជាប្រចាំប្រទេសនានា លើកកម្កស់ផលប្រយោជន៍​ និងត្រូវរក្សាការពារតម្លៃជាតិជាធំ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានជំរុញដល់ឯកអគ្គរាជទូតកម្ពុជា ដែលត្រូវបំពេញបេសកកម្មការទូតនៅក្រៅប្រទេស ត្រូវតម្កល់ប្រយោជន៍ជាតិជាធំហើយទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សាការពារ​ និងលើកតម្លៃជាតិជានិច្ច។

សម្តេច​ បានលើកឡើងថា ក្នុងនាមជាឯកអគ្គរាជទូត​ ត្រូវបង្ហាញ​ និងប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ និងសេចក្តីថ្លៃថ្នូរ ដោយត្រូវបន្តលើកកម្ពស់ផ្សព្វផ្សាយឱ្យបរទេសស្គាល់កម្ពុជា ឱ្យបានច្បាស់ ទាំងផ្នែកសិល្បៈ វប្បធម៌ និងប្រពៃណីខ្មែរ ដែលជាប្រជាជាតិមួយមានវប្បធម៌រុងរឿង តាំងពីសម័យអង្គរមក។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី៤ ខែមករា​ ឆ្នាំ២០២២នេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកអគ្គរាជទូតកម្ពុជាចំនួនបីរូប ដែលទើបត្រូវបានរាជរដ្ឋាភិបាលតែងតាំងឱ្យបំពេញបេសកកម្មការទូតនៅតាមប្រទេសមួយចំនួនចូលជួបសម្តែងការគួរសម​ និងជម្រាបលា ទទួលអនុសាសន៍ មុនចាកចេញពីមាតុប្រទេសទៅបំពេញបេសកកម្មនៅតាមប្រទេសជាមិត្ត។

ឯកអគ្គរាជទូត​ ដែលចូលសម្តែងការគួរសម​ និងជម្រាបលាសម្តេចនាឱកាសនេះមាន ឯកឧត្តម ទុយ រី ជាឯកអគ្គរាជទូតប្រចាំប្រទេសជប៉ុន ឯកឧត្តម កែវ ឈា ជាឯកអគ្គរាជទូតប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ីកូ និងឯកឧត្តម ផន ពៅ ជាឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋហ្វីលីពីន។

ក្រៅពីការលើកឡើងដូចខាងលើ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្តាំផ្ញើដល់ឯកអគ្គរាជទូតទាំងអស់ ត្រូវយកចិត្តទុកដាក់ ជួយសម្របសម្រួល និងដោះស្រាយបញ្ហានានារបស់ពលរដ្ឋខ្មែរ នៅតាមប្រទេសដែលឯកឧត្តមបំពេញការងារឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា​ និងត្រូវចុះស្វែងយល់សុខទុក្ខ និងក្តាប់ព័ត៌មានឱ្យបានច្បាស់លាស់ ជាក់ស្តែង អំពីប្រជាពលរដ្ឋ សិស្ស-និស្សិត និងពលករខ្មែរ ដែលកំពុងរស់ក្រៅប្រទេស ហើយបង្កលក្ខណៈងាយស្រួលលើ សេវាកម្មនានារបស់ស្ថានទូត លើកកម្ពស់ សុខុមាលភាព និងការពារផលប្រយោជន៍របស់ពួកគាត់។

ក្រៅពីនេះ​ សម្តេចប្រធានរដ្ឋសភា​ បានលើកទឹកចិត្តដល់ ឯកអគ្គរាជទូតទាំងអស់ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយឯកអគ្គរដ្ឋទូត-រាជទូត នៃបណ្តាប្រទេស ដទៃទៀត ប្រចាំនៅប្រទេសដែល ឯកឧត្តម ជាតំណាងឱ្យបានល្អបំផុត ដើម្បីកៀរគរផលប្រយោជន៍នានាជូនប្រទេសជាតិ ដូចជាការទាក់ទាញអ្នកទេសចរ​ និងអ្នកវិនិយោគមកកាន់កម្ពុជា ជាដើម៕