ឃាត់ខ្លួនជនវៀតណាមម្នាក់​ និងគ្រឿងញៀន​សរុបជាង​ ១៨០គីឡូ​ក្រាម​ នៅភ្នំពេញ

ភ្នំពេញ​ ៖​ ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ កម្លាំងជំនាញនៃការរិយាល័យប្រឆាំងគ្រឿងញៀន​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី​ គល់​ យី​ ស្នងការរង​ និងលោកវរសេនីយ៍ទោ​ រុឹម​ មិច​ នាយការរិយាល័យប្រឆាំងគ្រឿងញៀន​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានដឹកនាំស្រាវជ្រាវ​ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់​ និងគ្រឿងញៀន​ សរុបចំនួន​ ១៨១គីឡូ​ និង​ ៣៧០ក្រាម។

កាលពីថ្ងៃទី៣០​ ខែធ្នូ​ ឆ្នាំ២០២១ វេលាម៉ោង១៩​ និង៤៥នាទី កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបជាក់ស្តែង ករណី “ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន​ ០៣គោលដៅ​ ឃាត់ខ្លួនមនុស្សចំនួនម្នាក់ ជនជាតិ​វៀតណាម​ និងដកហូតគ្រឿងញៀនសរុបបានចំនួន​ ១៨១គីឡូ ៣៧០ក្រាម​ ៖​

គោលដៅទី១​ ៖​ នៅចំណុច​ខុនដូ​ ជាន់ទី​៣ ផ្លូវ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានឃាត់មនុស្ស ម្នាក់ឈ្មោះ Luu Tung Huy ភេទប្រុស​អាយុ​២៥​ឆ្នាំ​ ជនជាតិវៀតណាម ចាប់យកវត្ថុតាងបានសារធាតុផ្សំចំនួន ៥១គីឡូក្រាម​​ និងរថយន្តចំនួន​ ០១គ្រឿង។

គោលដៅទី២​ ៖ នៅចំណុច​ខុនដូ​ រិស៊ីដែន១០៥​ ជាន់ទី​៣ បន្ទប់​ R ៣០១​ ផ្លូវ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានឃាត់មនុស្សម្នាក់ជនជាតិ​វៀតណាម​ ។

គោលដៅទី៣​ ៖ នៅចំណុចផ្ទះ២៨២​ ផ្លូវ៤១​ សង្កាត់បឹងទំពុនទី១​ ខណ្ឌមានជ័យ ។ ដកហូតវត្ថុតាង​ ៖ ១-គ្រឿងញៀនជាង​ ១៣០គីឡូក្រាម​។

ជនសង្ស័យ​ និងវត្ថុតាងជាគ្រឿងញៀន​ ត្រូវបានសមត្ថកិច្ចជំនាញ​ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់​ ៕