ឯកឧត្តមអភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅសិក្សា២០២១-២០២២


ខេត្តកណ្តាល៖ ថ្លែងនៅក្នុង ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅសិក្សា ២០២១-២០២២ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលរបស់វិស័យអប់រំ យុវជន និងកីឡាខេត្ត ក្នុងរយៈពេល១០ឆ្នាំកន្លងមក ដែលមន្ទីរ និងដៃគូរអភិវឌ្ឍន៍ បានរួមគ្នា សម្រេចបានកិច្ចការធំៗ គួរឱ្យកត់សម្គាល់ ដូចជា បន្តបង្កើនការចូលរៀនប្រកបដោយសមធម៌នៅគ្រប់កម្រិត។ ពិសេសការអប់រំមូលដ្ឋាន រយៈពេល៩ឆ្នាំ តាមរយៈការបង្កលក្ខណៈសម្បត្តិអនុគ្រោះនានា ដើម្បីឱ្យកូនចៅប្រជាពលរដ្ឋដែលជួបការលំបាក មានលទ្ធភាពចូលសិក្សា ការពង្រឹង និងពង្រីកអភិបាលកិច្ចគ្រឹះស្ថានសិក្សាសាធារណៈ ការដោះស្រាយតម្រូវការបន្ទាន់ភ្លាមៗ និងការបង្កើនអាហាររូបករណ៍សម្រាប់សិស្សក្រីក្រ។

ឯកឧត្តមអភិបាលខេត្តបានគាំទ្រ ដល់មន្ទីរ អប់រំ យុវជន និងកីឡាខេត្ត លើការងារចលនាឱ្យយុវជន ចូលរួមកាន់តែសកម្ម ក្នុងការរៀបចំបណ្តាញយុវជនស្មគ្រ័ចិត្ត យុវជនកាកបាទក្រហម និងការបង្កើនសមាជិកចលនាកាយរឹទ្ធិ ត្រូវបន្តពង្រឹងជំនាញ បច្ចេកទេស និងជំនាញទន់សម្រាប់យុវជន ស្របជាមួយនឹងការផ្ដល់ព័ត៌មានទីផ្សារការងារដល់យុវជន និងតម្រង់ទិសសិក្សាអប់រំ ដល់យុវជនអំពីបំណិនជីវិត ស្ដីពីការការពារជំងឺអេដស៍ ការបំបាត់ការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ច្បាប់ចរាចរណ៍ និងអំពើហឹង្សា ក្នុងចំណោមយុវជន។

ពាក់ព័ន្ធនឹងវិស័យអប់រំកាយ និងកីឡា ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវធ្វើឱ្យវិស័យនេះ ប្រែក្លាយ ទៅជាវិស័យឈានមុខ និងទទួលការសាទរ គឺមហាជន តាមរយៈការធ្វើកំណែទម្រង់វិស័យអប់រំកាយ និងកីឡា ដើម្បីឆ្ពោះទៅស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។ ជាពិសេសត្រូវបន្តខិតខំធ្វើកំណែទម្រង់ គ្រប់ទិដ្ឋភាព ទាំងក្នុងក្របខ័ណ្ឌគោលនយោបាយទាំងក្នុងក្របខ័ណ្ឌបច្ចេកទេស ព្រមទាំងការអនុវត្តជាក់ស្តែង បានធ្វើឱ្យមាតាបិតា អាណាព្យាបាល សាធារណៈជន និងប្រជាជនមានជំនឿទុកចិត្តគាំទ្រ និងចូលរួមលេង កីឡា កាន់តែច្រើន ស្របនឹងទិសស្លោក “ប្រជាជនមួយនាក់ កីឡាមួយប្រភេទ” ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សន្និបាតអប់រំឆ្នាំនេះ គឺបានលើកឡើងនូវបទបង្ហាញ និងប្រធានបទពិភាក្សាដែល សុទ្ធតែឆ្លើយតបទៅនឹងខ្លឹមសារនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយផ្ដល់អាទិភាពជាចម្បងទៅ លើវិស័យអប់រំ ជាពិសេសទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីធានាលើកកម្ពស់កម្រិតជំនាញរបស់ យុវជនយើងឱ្យឆ្លើយតបតាមទីផ្សារពលកម្មក្នុងប្រទេស និងក្នុងតំបន់ ដូច្នេះសូមអង្គសន្និបាតទាំងមូល ធ្វើការពិចារណា និងពិភាក្សាបន្ថែមទៅ លើប្រធានបទ ដែលបានត្រៀមរួចជាស្រេច ដើម្បីធ្វើឱ្យអង្គសន្និបាត ដំណើរការដោយ រលូន និងប្រមូលបាននូវធាតុចូលល្អៗ បង្កើតបានជាទិសដៅ សម្រាប់អនុវត្តក្នុងបណ្តាឆ្នាំ ខាងមុខបន្តបន្ទាបទៀត។

លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានឱ្យដឹងថា សន្និបាតអប់រំយុវជន និងកីឡាខេត្ត គឺមានរយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ដោយផ្តោតការយកចិត្តទុកដាក់ជាសំខាន់ លើការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ដែលជារបត់ដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា។ ក្នុងនោះប្រធានបទផ្ដោតលើ៖ ១-ការផ្តល់សេវាអប់រំកុមារតូច ជាមូលដ្ឋានគ្រឹះសម្រាប់កុមារចូលរៀននៅបឋមសិក្សា ២-សាលារៀនស្អាត នាយក/នាយិកាល្អ និងគ្រូបង្រៀនល្អ
៣-តេស្តស្តង់ដានៅមធ្យមសិក្សា ផ្លាស់ប្តូរឥរិយាបទរបស់គ្រូ សិស្ស ក្នុងការបង្រៀន និងរៀន បង្កើនលទ្ធផលសិក្សាប្រកបដោយប្រសិទ្ធភាព និងគុណភាព ៤-មជ្ឈមណ្ឌលសហគមន៍ផ្សាភ្ជាប់នឹងការសិក្សាពេញមួយជីវិតតាមគន្លងប្រក្រតីភាពថ្មី ៥-ការអប់រំបំណិនសតវត្សទី២១ សម្រាប់យុវជន ដើម្បីលើកកម្ពស់គុណភាពអប់រំ នៅតាមសាលារៀន និង៦-ប្រជាពលរដ្ឋម្នាក់ចេះលេងកីឡាមួយប្រភេទយ៉ាងតិច ប្រចាំជីវិត៕