គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាលធើ្វសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២


ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកណ្ដាល បានធើ្វសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមគណៈអធិបតីភាព ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំង ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល និងលោក គីម ហុង ប្រធាន គ.ជ.ប ខេត្តកណ្ដាល ព្រមទាំងមានការអញ្ជើញចូលរួមពីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងគណៈកម្មការរៀបចំការបោះឆ្នោតទាំង ១២៧ឃុំ សង្កាត់ផងដែរ។

  លោក គីម ហុង ប្រធានគណ:កម្មាធិការរៀបចំការបោះឆ្នោតខេត្តកណ្ដាល បានរាយការណ៍ស្តីអំពីលទ្ធផលការងារនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ជូនដល់អង្គពិធី និងបានបញ្ជក់ពីសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងពេលដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងកមនេះ គឺមានភាពល្អប្រសើរ និងរលូន ក្នុងពេលបោះឆ្នោត ។

 ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល 

ក៏បានកោតសរសើរដល់គណៈកម្មការរៀបចំការបោះឆ្នោត ព្រមទាំងកងកម្លាំងទាំងបី ក្នុងកិច្ចការដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ។

 ឯកឧត្តមអភិបាលរងខេត្ត ក៏បានជំរុញដល់ អាជ្ញាធរក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវតែបន្តខិតខំរួមសាមគ្គីគ្នា បំពេញភារកិច្ច កាតព្វកិច្ច និងទិសដៅការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដើម្បីឈានទៅរកការអភិវឌ្ឍន៍ និងការកសាងសមិទ្ធផលថ្មីៗឱ្យបានច្រើនបន្ថែមទៀតក្នុងខេត្ត ជាពិសេសត្រូវរួមគ្នាត្រួតពិនិត្យ ពិភាក្សាពីបញ្ហាប្រឈម ដូចជាចំណុចខ្វះចន្លោះ ដែលនៅមិនទាន់បានអនុវត្ត និងចូលរួមក្នុងការដោះស្រាយបញ្ហា ដើម្បីឱ្យបានកាន់តែល្អប្រសើរឡើង ឆាប់រហ័សទាន់ពេលវេលា ឆ្លើយតបទៅនឹងភាពអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ សំដៅខិតខំប្រឹងប្រែងបម្រើសេវាសាធារណ:ជូនប្រជាជននៅក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលល្អបន្ថែមទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសម្តែងនូវការកោតសរសើរចំពោះគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ភាគីពាក់ព័ន្ធព្រមទាំបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអនុវត្ត និងគោរពច្បាប់បោះឆ្នោត បទបញ្ជា និតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោតប្រកបដោយស្មារតីទទួលខុសត្រូវ និង ភាពថ្លៃថ្នូរដែលធ្វើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់អាណត្តិទី៥នេះ ទទួលបានលទ្ឋផលល្អប្រសើរទាំងលើទិដ្ឋភាពច្បាប់ និង ទិដ្ឋភាពបច្ចេកទេសក្រោមបរិយាកាសសន្តិភាព ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយគ្មានការគំរាមកំហែងនិងគ្មានអំពើហិង្សានោះឡើយ។

ឯកឧត្ដម ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ បន្តចូលរួមនៅក្នុងកិច្ចដំណើរការនៃការបោះឆ្នោតនាពេលខាងមុខទៀតប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់សំដៅលើកកម្ពស់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ដោយឈរលើស្មារតីតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ ។